ក្រុងបាងកក៖ រឿងចម្លែកបំផុតដែលគួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅប្រទេសថៃ ក្រោយស្ត្រីម្នាក់ត្រូវបានគេរកឃើញថានៅមានជីវិត ដោយសារកម្រើកធ្វើឱ្យឮសំឡេងគោះក្ដារក្នុងមឈូស ខណៈដែលគេបម្រុងនឹងយកទៅបូជានៅឈាបនដ្ឋាន។

វត្ត Rat Prakhong Tham នៅក្នុងខេត្ត Nonthaburi បានបង្ហោះវីដេអូទាក់ទិននឹងហេតុការណ៍ដ៏កម្រកើតមាននេះ នៅលើទំព័រ Facebook ដោយបង្ហាញពីស្ត្រីម្នាក់កំពុងដេកនៅក្នុងមឈូសពណ៌ស បានកម្រើកដៃ និងក្បាល។
លោក Pairat Soodthoop ជាអ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់វត្តខាងលើ បានប្រាប់ថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលបន្តិច ក៏បានសុំឱ្យបើកគម្របមឈូស ដើម្បីពិនិត្យមើលឱ្យអស់ចិត្តមុនបូជា ហើយអ្នករាល់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំបានឃើញស្ត្រីរូបនោះកម្រើកភ្នែក និងកំពុងគោះមឈូស»។
ស្ត្រីអាយុ ៦៥ឆ្នាំនេះបានគេងឈឺនៅលើគ្រែជាង ២ឆ្នាំ ហើយកាលពីជាង ២ថ្ងៃមុននេះ ស្ត្រីរូបនេះលែងដកដង្ហើម ធ្វើឱ្យសាច់ញាតិជឿថារូបគាត់បានស្លាប់។ ពេលនេះ ស្ត្រីខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយចៅអធិការវត្តមានសង្ឃដិកាថា ខាងវត្តនឹងរ៉ាប់រងថ្លៃចំណាយលើការព្យាបាល។
