យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវ:ចម្រុះនានា ប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្ម ។
ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវ:ចម្រុះនានាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា ការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯង, ការទាញយកផលប្រយោជន៍ផ្ទាល់ ពីទេសចរណ៍ប្រកបដោយសមធម៌, ការបែងចែកផលចំណេញពីសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ សំដៅចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ, ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលការងារ និងកិច្ចសហការដ៏ល្អ រវាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ពិសេសអង្គការជាតិ អន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍទាំងអស់ ដែលបានសហការ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុនានា។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព វិស័យទេសចរណ៍ បានរីកលូតលាស់គួរជាទីមោទនៈ ដោយទេសចរអន្តរជាតិមកទស្សនាកម្ពុជា បានកើនឡើងពីប្រមាណតែជាង ២៩ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ២០១៩, ហើយនៅឆ្នាំ២០២៤ យើងទទួលទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២ លាននាក់។ គិតត្រឹម ១០ខែ ឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានចំនួនប្រមាណ ៤ លាន ៧៥ ម៉ឺននាក់, ស្របពេលដែលទេសចរជាតិ មានចំនួនប្រមាណ ២០លាន ៧៤ម៉ឺននាក់ គឺកើនឡើងប្រមាណ ៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕
ប្រភព៖ ក្រសួងព័ត៌មាន
