ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសំរោងទង។

ការប្រជុំនេះក្រោមអធិបតីភាពលោក យឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ប្រធានមន្ទីរ និងមេបញ្ជាការកងកម្លាំងទាំង៣។

លោក យឹម សុខុន បានបញ្ជាក់ថា វេទិកានេះជាឧបករណ៍សំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ដោយផ្តល់ឱកាសពិភាក្សាប្រកបដោយតម្លាភាព។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីបញ្ហាបរិស្ថាន ការគ្រប់គ្រងសំរាម បញ្ហាដីធ្លី និងតម្រូវអោយអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាទាន់ពេលវេលា។

ប្រជាពលរដ្ឋបានលើកឡើងបញ្ហាសំខាន់ៗរួមមាន៖ បញ្ហាបរិស្ថាន ការគ្រប់គ្រងសំរាម ទំនាស់ដីធ្លី ការទូទាត់ប្រាក់ថ្លៃដីចំនួន៥៦គ្រួសារ និងបញ្ហាសុខភាព។

ជាចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានឆ្លើយបំភ្លឺ និងប្តេជ្ញាដោះស្រាយបញ្ហាទាំងអស់តាមគោលការណ៍ច្បាប់។

ដោយ៖ សិលា
