
យុវជន២នាក់ត្រូវបានជនសង្ស័យជាគ្នាឯងកាប់ច្រឡំពីក្រោយ បណ្តាលឱ្យម្នាក់ដាច់ក្បាលស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងផ្នែកខាងក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤០នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកត្រែង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីឪពុកជនរងគ្រោះ មុនកើតហេតុកូនរបស់គាត់បានសុំមកលេងបាល់ជាមួយមិត្តភក្តិ ហើយបន្តចេញទៅកម្មវិធីនៅផ្ទះឪពុកធម៌។ លុះមកដល់វេលាម៉ោង១២យប់ សមត្ថកិច្ចបានទូរស័ព្ទទៅប្រាប់ថា កូនរបស់គាត់ត្រូវបានគេកាប់ដាច់ក្បាលស្លាប់ហើយ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតពួនស្ទាក់ការពារសន្តិសុខសុវត្ថិភាព ក៏បានប្រទះឃើញមានយុវជន៤នាក់កំពុងភ័យស្លន់ស្លោ និងខ្លះស្រែកយំនៅក្បែរសាកសព។ សមត្ថកិច្ចបានសម្រេចបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់។

តាមចម្លើយបឋមពីជនសង្ស័យទាំង៤នាក់នោះ បានប្រាប់ថា «គឺកាប់ច្រលំគ្នាឯង»។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងត្រូវបានឃាត់សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំដើម្បីបន្តនីតិវិធី។
