
បុរសបីនាក់មកពីក្រុមហ៊ុនសំណង់ត្រូវប៉ូលិសចាប់ខ្លួនពីបទសង្ស័យថា បានសម្លាប់មនុស្សដោយអចេតនាចំពោះគ្រោះអគ្គិភ័យដ៏សាហាវ ដែលឆាបឆេះនៅក្នុងអាផាតមិនមួយក្នុងទីក្រុងហុងកុង ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ និង ៣០០ នាក់ទៀតនៅតែបាត់ខ្លួន។
តាមរបាយការណ៍ចុហផ្សាយពី Reuters ដោយផ្អែកតាមការសើបអង្កេតដំបូង ប៉ូលិសបានដាក់ការសង្ស័យថា សោកនាដកម្មអគ្គិភ័យនេះអាចបណ្ដាលមកពីបន្ទះឫស្សី សំណាញ់ជ័រ ដែលហុំព័ន្ធអាផាតមិន ដាក់ធ្វើជារនាំងការពារសុវត្ថិភាព ព្រមទាំងសម្ភារៈស្នោ ប្រើក្នុងអំឡុងពេលជួសជុលអគារឡើងវិញ។

លោកស្រី Eileen Chung អធិការប៉ូលិសហុងកុងនិយាយថា «យើងមានហេតុផលដើម្បីជឿថា ភាគីទទួលខុសត្រូវរបស់ក្រុមហ៊ុនមានការធ្វេសប្រហែសយ៉ាងខ្លាំង ដែលនាំឲ្យមានគ្រោះថ្នាក់នេះ និងបណ្តាលឲ្យភ្លើងឆេះរាលដាលមិនអាចគ្រប់គ្រងបាន ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរ»។
ប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មានថា អ្នកពន្លត់អគ្គីភ័យម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៤៤ នាក់ ដោយមានមនុស្ស ៤៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
