(ភ្នំពេញ)៖ ធនាគារពិភពលោកបានចេញរបាយការណ៍ថ្មីពីរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសង្កត់ធ្ងន់ពីតម្រូវការកែលម្អគុណភាពការអប់រំនៅកម្ពុជា ជាពិសេសនៅកម្រិតបឋមសិក្សា។

លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំកាន់តែប្រសើរឡើង»។
របាយការណ៍ដំបូងស្តីពីគុណភាពគ្រូបង្រៀនបង្ហាញថា ទោះបីប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់ ក៏ការអនុវត្តការបង្រៀនមិនទាន់មានការកែលម្អប្រសើរនៅឡើយទេ។ របាយការណ៍កត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សាជាច្រើននៅតែបន្តធ្វើការងារក្រៅ ដែលជាហេតុធ្វើឱ្យពួកគេនៅសល់ពេល និងថាមពលកាន់តែតិចតួចសម្រាប់បង្រៀនសិស្ស។

របាយការណ៍ទីពីរស្តីពីម៉ោងបង្រៀនបានឱ្យដឹងថា ទោះបីសាលារៀននៅកម្ពុជាបានចែកពេលក្នុងថ្នាក់រៀនយ៉ាងច្រើនសម្រាប់មុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្ត ក៏សិស្សមួយចំនួនធំនៅតែត្រដាបត្រដួសក្នុងការរៀនជំនាញទាំងនេះនៅឡើយ។
ធនាគារពិភពលោកផ្តល់អនុសាសន៍ឱ្យចាត់វិធានការសន្សំសំចៃ ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ ការកាត់បន្ថយការបិទសាលារៀនក្រៅពេលឈប់សម្រាកផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សា។ របាយការណ៍ក៏ស្នើឱ្យប្រើវិធីសាស្រ្តជាជំហានៗក្នុងរយៈពេលវែង ដើម្បីធានាបានទាំងផលដែលចង់បាន និងលទ្ធភាពនៃការចំណាយផងដែរ។
