
ភ្នំពេញ៖ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានជួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន។

លោកស្រី Tania បានលើកសរសើរពីសមិទ្ធផលសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា រួមមានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល។

លោកជំទាវទេសាភិបាលបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានា ដែលមកស្វែងយល់ពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សាពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ រួមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។
