ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រលឹមថ្ងៃទី២៦ វិច្ឆិកា នៅចំណុចស្តុបផ្សារថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលរថយន្តដឹកទំនិញធំ២គ្រឿងបានបុកគ្នាយ៉ាងខ្លាំងក្លា បណ្ដាលឲ្យមនុស្ស២នាក់របួស និងរថយន្តទាំងពីរខូចខាតធ្ងន់។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៣:០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងរវាងរថយន្តម៉ាក MITSUBISHI FUSO ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3E-6228 និងរថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខឧ.មានជ័យ 3A-3689។

រថយន្ត MITSUBISHI FUSO ដែលបើកបរមកពីទិសខាងលិចទៅកើត (កំពង់ស្ពឺ-ភ្នំពេញ) បានបុករ៉ឺម៉កផ្នែកខាងស្ដាំនៃរថយន្ត HYUNDAI ដែលកំពុងបើកបរឆ្លងស្តុបពីជើងទៅត្បូង។ ការបុកគ្នានេះបណ្ដាលឲ្យរថយន្តទាំងពីរក្រឡាប់ផ្ងាជើងតែម្ដង។

អ្នកបើកបររថយន្ត MITSUBISHI FUSO បានរងរបួសធ្ងន់ ខណៈអ្នកបើកបររថយន្ត HYUNDAI រងរបួសស្រាល តែបានគេចខ្លួនមុនការមកដល់របស់សមត្ថកិច្ច។

តាមការស៊ើបអង្កេតដំបូង គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្ត HYUNDAI ឆ្លងស្តុបមិនបានមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ និងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការវាស់វែង និងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។



