រាជធានីភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១២បានដាក់ក្តីរំពឹងថា ក្នុងពិព័រណ៍សៀវភៅនាឆ្នាំនេះអាចនឹងទាក់ទាញអ្នកចូលរួមកើនឡើងដល់ទៅ២០ម៉ឺននាក់។

លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើទី១២នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត»។

លោកសុខ ប្ញទ្ធី តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានគូសបញ្ជាក់ថា នាឆ្នាំនេះកម្មវិធីបានរៀបចំស្តង់រហូតប្រមាណជិត៣០០ស្តង់។ សៀវភៅរាប់ម៉ឺនចំណងជើងនឹងមានវត្តមាននៅស្តង់ពិព័រណ៍ជិត៣០០ស្តង់មកពីស្ថាប័នផ្សេងៗជាច្រើន។

លើសពីនេះទៅទៀត នឹងមានសកម្មភាពជាច្រើន កន្លែងថតរូបស្អាតៗ ការលេងល្បែងកម្សាន្តសប្បាយៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្ត្រី និងការបង្ហាញសមត្ថភាពសម្តែងផងដែរ។

