
ស្របពេលភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់កាន់តែឡើងកម្តៅខ្ពស់នោះ ជាពិសេសមានការលូកដៃពីសំណាក់ប្រទេសជប៉ុនផងនោះ ស្រាប់តែឥឡូវនេះ ចិនបានចេញការព្រមានខ្លាំងៗថា រាល់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការនេះ ទីក្រុងប៉េកាំងនឹងកម្ទេចចោលតែម្តង។
ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Peng Qingen ដែលថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥និងផ្សាយដោយសារព័ត៌មាន The Star ថា៖ «យើងមានឆន្ទៈយ៉ាងមុតមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏រឹងប៉ឹងក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង ហើយយើងនឹងបង្រ្កាបការជ្រៀតជ្រែកពីបរទេសទាំងអស់»។
លោកបន្តថា៖ «ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន នៅក្នុងតំបន់ក្បែរដែនដីតៃវ៉ាន់របស់ចិន គឺជាទង្វើដ៏គ្រោះថ្នាក់បំផុត ដែលជាការបង្កើតភាពតានតឹងក្នុងតំបន់ដោយចេតនា និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធា»។
ការព្រមាននេះគឺឆ្លើយតបទៅផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរបស់ជប៉ុន នៅលើកោះ Yonaguni ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ក៏និយាយដែរថា វិធានការនេះមានបំណងបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
លោកស្រីព្រមានថា៖ «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំទីក្រុងតូក្យូនិងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ។ ទីក្រុងប៉េកាំងមានការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»៕
អត្ថបទ៖ សុខ សុវណ្ណ
