ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងក្នុងអង្គប្រជុំដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។

លោកជំទាវបណ្ឌិតសភាចារ្យបានលើកឡើងពីបញ្ហាការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២។

លោកជំទាវក៏បានរំលឹកអំពីការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ដែលជាសកម្មភាពខ្វះខាតក្រមសីលធម៌ និងប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុក។

ប្រទេសកម្ពុជាបានអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់សកម្មភាពអវិជ្ជមាននាពេលអនាគត។
