ជនល្មើសរត់បាត់ស្រមោល បន្សល់ទុកទូកស្មាច់និងឧបករណ៍ឆក់ត្រីឱ្យសមត្ថកិច្ច

ជនល្មើសរត់បាត់ស្រមោល បន្សល់ទុកទូកស្មាច់និងឧបករណ៍ឆក់ត្រីឱ្យសមត្ថកិច្ច

ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញរបាយការណ៍ផ្លូវការមួយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប។

ឧបករណ៍ឆក់ត្រីដែលត្រូវបានរឹបអូស

ជាក់ស្ដែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានទទួលបទល្មើសជលផល ដោយនេសាទដោយឧបករណ៍ឆក់ពីកងកម្លាំងបង្ក្រាបបទល្មើសនេសាទ យោធភូមិភាគ៥ នៅចំណុចអាចម៍ក្របី ក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង នៅវេលាម៉ោង១០ព្រឹក។

ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ សមត្ថកិច្ចបានរកឃើញការធ្វើសកម្មភាពនេសាទខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាឧបករណ៍បំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ និងត្រូវបានច្បាប់ហាមឃាត់ដាច់ខាត។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ក្រុមជនសង្ស័យដែលជាអ្នកប្រព្រឹត្តបទល្មើស បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា ករណីខាងលើនេះដែរ ជនសង្ស័យរត់គេចខ្លួនបាត់ ដោយបន្សល់ទុកចោលនូវវត្ថុតាងនៅនឹងកន្លែង។ ចំពោះមានវត្ថុតាងមានដូចខាងក្រោម៖

១- កាណូតស្មាច់ចំនួន ០១គ្រឿង
– ទូកស្មាច់ប្រវែង៥,៤ម ទទឹង០,៧ម ជម្រៅ០,៥ម
– ម៉ាស៊ីនម៉ាកឡុងស៊ីងកម្លាំង២៧សេះ

២- អាំងវែកទ័រឆក់ត្រី ០១គ្រឿង

៣- ដងឆក់ចំនួន ០១គូ

សូមបញ្ជាក់ថា ចំពោះវត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីបញ្ជាការយោធភូមិភាគ៥ហើយដែរ៕

administrator

Related Articles