រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានច្រានចោលចំពោះការលើកឡើងរបស់លោក អ៊ុំ សំអាន អតីតសមាជិកគណបក្សប្រឆាំងហើយកំពុងរស់នៅក្រៅប្រទេសបំភ្លៃការពិតលើបញ្ហាព្រំដែន។

យោងតាមបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិតរបស់បុគ្គល អ៊ុំ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ។

ឯកឧត្តមបានបញ្ជាក់ថា៖ «អ្វីដែលអ៊ុំ សំអាន សរសេរនេះ គឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម»។
ឯកឧត្តមក៏សូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលកំពុងអនុវត្តកិច្ចការព្រំដែនដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងឯកសារដែលបន្សល់ទុកពីបារាំង។
