ថៃជួបវិបត្តិទ្វេ៖ ទឹកជំនន់រង្គោះរង្គើ និងផ្សែងពុលគ្របដណ្តប់ទីក្រុងបាងកក

ថៃជួបវិបត្តិទ្វេ៖ ទឹកជំនន់រង្គោះរង្គើ និងផ្សែងពុលគ្របដណ្តប់ទីក្រុងបាងកក

ស្របពេលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផងនោះ ពេលនេះផ្សែងពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃចំនួន១៤។

ផ្សែងពុលនៅបាងកក

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងអវកាស កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

សម្រាប់ខេត្តទាំង១៤ដែល PM2.5 ឈានដល់កម្រិតប៉ះពាល់សុខភាពនោះមានដូចជា៖ Samut Songkhram, Samut Sakhon, Samut Prakan, Pathum Thani, Nonthaburi, Ratchaburi, Maha Sarakham, Ang Thong, Surin, Phetchaburi, Suphan Buri, Sing Buri, Nakhon Pathom និង Roi Et។

ផ្សែងពុលនេះកើតឡើងចំពេលប្រទេសថៃ ជាពិសេសនៅភាគខាងត្បូង កំពុងវេទនាដោយគ្រោះទឹកជំនន់ដ៏សាហាវ ដោយគិតត្រឹមថ្ងៃពុធទី២៦ខែវិច្ឆិកា តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់។

ផ្សែងពុលនៅបាងកក

លើសពីនេះ ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ រីឯផ្ទៃដី៣៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ។

វាជាគ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles