
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក វីទីត មុនតាប៊ុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍គាំទ្រវិធានការពង្រឹងសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។
លោក Muntarbhorn មានប្រសាសន៍ថា៖ “វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងទំនាក់ទំនងរវាងប្រជាជាតិនានាសមនឹងទទួលបានការគាំទ្ររបស់យើង។ ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅព្រំដែនរវាងប្រទេសទាំងពីរ គួរតែត្រូវបានជួយតាមស្តង់ដារសិទ្ធិមនុស្ស”។

អ្នករាយការណ៍ពិសេសបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា៖ “ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះដោយឈរលើការគិតរួមគ្នា ការសន្ទនា និងការអនុវត្តប្រកបដោយមនុស្សធម៌ ដែលនោះគឺជាកត្តាចាំបាច់។ កត្តានេះនឹងកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី”។

លោកក៏បានអំពាវនាវឲ្យមានវិធានការទប់ស្កាត់ព័ត៌មានមិនពិតឲ្យបានជាអតិបរមា និងបានកត់សម្គាល់អំពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សដែលអាចផ្ដល់ជំនួយក្នុងស្ថានការណ៍នេះ។
