(រាជធានីភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត និងផ្ញើសារ SMS បោកបញ្ឆោត។

យោងតាមការបញ្ជាដឹកនាំរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលកំពុងបើកបររថយន្តបំពាក់ឧបករណ៍ FAKE Base Transceiver Station។ ឧបករណ៍នេះផ្ញើសារ SMS ផ្សព្វផ្សាយពីល្បែងអនឡាញខុសច្បាប់ និងក្លែងបន្លំជាគេហទំព័រក្រុមហ៊ុនតេឡេក្រាម។

ជនសង្ស័យទាំង ៣នាក់ បានធ្វើសកម្មភាពនេះក្នុងខែមីនា ឆ្នាំ២០២៥ ដោយផ្ញើសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាម ដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួន និងចូលគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានផ្តល់ដំបូន្មានដល់សាធារណជន កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន។

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
