ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនក្មេងទំនើងចំនួន ៥ នាក់ ក្នុងព្រឹត្តិការណ៍ហិង្សាដោយចេតនា និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះកើតឡើងនៅផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលក្រុមក្មេងទំនើងបានប្រើប្រាស់កាំបិត ដុំថ្ម ដេញកាប់ និងគប់លើប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតម៉ូតូ និងបែកកញ្ចក់ទ្វារផ្ទះ។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំ។ ក្នុងចំណោមនោះ មានជនសង្ស័យម្នាក់ត្រូវបានរកឃើញមានសារធាតុញៀនជាប់ខ្លួន។

វត្ថុតាងដែលត្រូវបានចាប់យករួមមាន ម៉ូតូ០១គ្រឿង កាំបិតប៉័ងតោ០២ដើម កន្ត្រៃ០២ដើម និងសម្ភារៈផ្សេងៗទៀត។ ជនសង្ស័យទាំងអស់បានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួន ហើយត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
