
មន្ត្រីជំនាញពេទ្យសត្វបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ២ កន្លែងនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះដឹកនាំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក.ប.ប។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឃ្លាំងទី១ មានលក់ផលិតផលសាច់បង្កកចំនួន ៦ ប្រភេទ សរុប ៦៨០០ គីឡូក្រាម។ មន្ត្រីជំនាញបានដកហូតយកសំណាក ៦ មុខ សរុប ៣,១៥ គីឡូក្រាម ទៅពិសោធន៍សំណាក។

ដោយឡែក ផលិតផល ៣ មុខផ្សេងទៀតត្រូវបានដកហូតដុតកម្ទេចចោលតាមវិធានបសុពេទ្យសរុប ២៨០ គីឡូក្រាម ដោយសារផលិតផលមានក្លិន និងប្រែប្រួលបរិមាណ និងសភាពដើម។

ការដុតកម្ទេចចោលបានធ្វើឡើងនៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នាវេលាម៉ោង ១៥ និង ៣០ នាទីរសៀល។

ជាទិសដៅបន្ត មន្ត្រីជំនាញនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើបច្ចុប្បន្នភាពកន្លែងស្តុក ឃ្លាំង និងកន្លែងតាំងលក់ ដើម្បីចូលរួមទប់ស្កាត់ការចរាចរផលិតផលសាច់បង្កកដែលគ្មានប្រភពច្បាស់លាស់នៅទូទាំងខេត្ត។
