រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តរឹបអូសរថយន្តមួយគ្រឿងរបស់កូនបំណុល ដើម្បីលក់ឡៃឡុងយកប្រាក់ចំនួន១០លានរៀលសងម្ចាស់បំណុល។

មន្ត្រីអង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល។ ពេលទៅដល់ទីតាំង មន្ត្រីអាជ្ញាសាលាបានអានសាលដីកាឲ្យអ្នកចូលរួមទាំងអស់បានស្តាប់។
មន្ត្រីអាជ្ញាសាលាបានពន្យល់អំពីនីតិវិធីអនុវត្តដោយបង្ខំចំពោះចលនវត្ថុ”រថយន្ត” និងបានដាស់តឿនឲ្យកូនបំណុលអនុវត្តគឺលោកស្រី កាន់ ចន្ថា ធ្វើការទូទាត់សងប្រាក់ដោយស្ម័គ្រចិត្តចំនួន១០លានរៀល ទៅម្ចាស់បំណុលឈ្មោះ ឡៃ ស៊ូយៀក។
លទ្ធផលកូនបំណុលឈ្មោះ កាន់ ចន្ថា បានស្ម័គ្រចិត្តទូទាត់សងប្រាក់ចំនួន១០លានរៀល តាមអំណាចសាលដីកាខាងលើនេះហើយ ដូច្នោះមន្ត្រីអាជ្ញាសាលាសម្រេចមិនធ្វើការរឹបអូសរថយន្តម៉ាក Lexus L.X600 ព័ណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា N667P667 របស់កូនបំណុលឈ្មោះ កាន់ ចន្ថា ជាម្ចាស់ប្រេន Pichy p white តាមនីតិវិធីនោះទេ។ មិនខុសពាក្យថា ឃើញមឈូសទើបស្រក់ទឹកភ្នែក៕
