រាជធានីភ្នំពេញ – កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលដីការរឹបអូសរថយន្ត Lexus LX600 របស់កូនបំណុល កាន់ ចន្ថា ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លើបណ្តាញសង្គម។

ការអនុវត្តនេះធ្វើឡើងតាមសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល នៅទីតាំងផ្ទះលេខ MI10 ផ្លូវអូរលែន៣ គម្រោងតៃឈុនគ្រី។
ក្នុងព្រឹត្តិការណ៍នេះ មានវត្តមានលោកស្រីមេធាវី សារិត សុមាវត្តី ជាតំណាងម្ចាស់បំណុល ឡៃ ស៊ូយៀក និងកូនបំណុល កាន់ ចន្ថា ដែលជាម្ចាស់ប្រេន Pichy p white។
មន្ត្រីអាជ្ញាសាលាបានពន្យល់ពីនីតិវិធីអនុវត្តដោយបង្ខំ និងដាស់តឿនឲ្យកូនបំណុលសងប្រាក់ចំនួន ១០ លានរៀលដោយស្ម័គ្រចិត្ត។ ជាលទ្ធផល កូនបំណុលបានសម្រេចចិត្តទូទាត់សងប្រាក់ចំនួន ១០ លានរៀល ដែលធ្វើឲ្យមន្ត្រីអាជ្ញាសាលាសម្រេចមិនធ្វើការរឹបអូសរថយន្តម៉ាក Lexus LX600 ព័ណ៌ខ្មៅ លេខស្លាក N667P667 តាមនីតិវិធីទៀតទេ។

ស្ថានភាពនេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តតាមច្បាប់ ដោយបានជៀសវាងការរឹបអូស�្រព្យសម្បត្តិ នៅពេលដែលភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងគ្នាបាន។
