ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិតបានដាក់គោលដៅ អនុវត្តន៍ ត្រួតពិនិត្យ រកសារធាតុញៀន និងអាវុធជាតិផ្ទុះ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។

នគរបាលក្រុងបាវិតបានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែប្រសព្វ ឃុំរកាធំ ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានចុះដាក់គោលដៅ អនុវត្តន៍ ត្រួតពិនិត្យ រកសារធាតុញៀន និងអាវុធជាតិផ្ទុះ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។

កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើម៉ូតូ១គ្រឿងម៉ាក់ Excerter ពណ៌ផ្កាឈូក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ រួចក៏ធ្វើការត្រួតពិនិត្យ ស្រាប់តែប្រទះឃើញកាំបិតកែច្នៃ១ដើម នៅក្នុងខ្លុបម៉ូតូ។
ប្រភពដដែលបន្តថា បានឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តសារធាតុញៀន គឺវិជ្ជមាន(+) ព្រមទាំងដកហូតវត្ថុតាង៖ កាំបិត០១ដើម ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ គ្មានស្លាកលេខ (បិទស្គត់ពណ៍ផ្កាឈូក)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលក្រុងបាវិត បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
