ថៃ៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១០៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English ដោយគិតត្រឹមយប់ថ្ងៃទី២៧ ខែវិច្ឆិកា។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (៦២,០០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកម្នាក់បានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព។
បើតាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ បញ្ហាទឹកជំនន់ខាងលើនេះក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ ខណៈនៅក្នុងនោះមានពលរដ្ឋប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។
នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរថៃបានបញ្ជូនទូកសង្គ្រោះ ឧទ្ធម្ភាគចក្រ និងដ្រូន ជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះ ដើម្បីត្រៀមធ្វើអន្តរាគមន៍ជួយពលរដ្ឋឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ជូនផងដែរថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសថៃនៅពេលនេះគឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod English
