ម៉ិកស៊ិកស៊ើបអង្កេតម្ចាស់ស្ថាប័នបវរកញ្ញាចក្រវាល ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ

ម៉ិកស៊ិកស៊ើបអង្កេតម្ចាស់ស្ថាប័នបវរកញ្ញាចក្រវាល ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ

ការស៊ើបអង្កេតម៉ិកស៊ិក

ការិយាល័យអគ្គព្រះរាជអាជ្ញាម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ដោយបញ្ជាក់ថា អាជ្ញាធរកំពុងស៊ើបអង្កេតលោក Raúl Rocha Cantu ប្រធានស្ថាប័នបវរកញ្ញាចក្រវាល MU ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន រត់ពន្ធអាវុធ និងលួចប្រេងឥន្ធនៈ។

បើតាមទីភ្នាក់ងារសារព័ត៌មាន aljazeera បានចុះផ្សាយថា អាជ្ញាធរពេលនេះបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៣ ទាក់ទងនឹងករណីនេះ។ ឯកសារផ្លូវការបានកំណត់អត្តសញ្ញាណជនសង្ស័យ ដែលមានអក្សរកាត់ថា «Raúl R» ស្របតាមការអនុវត្តច្បាប់ដែលត្រូវនឹងឈ្មោះរបស់លោក Raúl Rocha ក៏ជាអ្នកជំនួញជនជាតិម៉ិកស៊ិកដែលមានភាគហ៊ុន ៥០% នៅក្នុងស្ថាប័នប្រកួតសម្រស់បវរកញ្ញាចក្រវាលនាបច្ចុប្បន្ននេះ។

ព្រះរាជអាជ្ញាបានបញ្ចាក់បន្ថែមទៀតថា ការស៊ើបអង្កេតបានចាប់ផ្ដើមតាំងពីឆ្នាំ ២០២៤មកម៉្លេះ ទោះបីជា Cantu មិនទាន់ត្រូវបានបញ្ចេញឈ្មោះជាផ្លូវការនៅឡើយក៏ដោយ ប៉ុន្តែលោកស្ថិតនៅក្នុងចំណោមជនសង្ស័យ ដែលជួញដូរគ្រឿងញៀន និងប្រេងឥន្ធនៈពីប្រទេសម៉ិកស៊ិក និងហ្គាតេម៉ាឡា (Guatemala)។

ការស៊ើបអង្កេតនេះកើតឡើងនៅពេលដែលការប្រកួតបវរកញ្ញាចក្រវាលកំពុងស្ថិតនៅក្រោមភាពចម្រូងចម្រាសយ៉ាងខ្លាំង។ បន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០៥ ដោយតំណាងប្រទេសម៉ិកស៊ិក គឺនាង Fatima Bosch បានគ្រងមកុដ ចំពេលមានការព្រួយបារម្ភជាសកលអំពីតម្លាភាពនៃការប្រកួតសម្រស់ ដោយសារលោក Rocha ជាជនជាតិម៉ិកស៊ិកស្រាប់ និងជាម្ចាស់ធំនៃស្ថាប័នសម្រស់មួយនេះដែរ។

សូមជម្រាបថា លោក Raúl Rocha Cantu បានក្លាយជាឥស្សរជនលេចធ្លោម្នាក់នៅក្នុងពិភពបវរកញ្ញាពិភពលោក ចាប់តាំងពីក្រុមហ៊ុនផ្ទាល់ខ្លួនគឺ Legacy Holding Group USA បានទិញភាគហ៊ុន ៥០% នៅក្នុងស្ថាប័នបវរកញ្ញាចក្រវាលពី JKN Global Group (JKN) ក្នុងឆ្នាំ ២០២៤។ យ៉ាងណាក៏ដោយ ការចោទប្រកាន់ធ្ងន់ធ្ងរនេះ អាចមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើរូបភាព និងភាពជឿជាក់នៃការប្រកួតបវរកញ្ញាចក្រវាលនាពេលអនាគត៕

administrator

Related Articles