រាជធានីភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា បានឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តហួងហែងពីជីវិតឯកជនរបស់នាង បន្ទាប់ពីឃើញនាងប្រើជីវិតបែបហ៊ឺហារ។

តារារូបនេះបានចាត់ទុកការហួងហែង និងការយល់ឃើញពីមហាជនមួយចំនួននាពេលនេះគឺមិនបានដឹងរឿងផ្ទាល់ខ្លួននាងច្បាស់។ នាងបញ្ជាក់ថា អ្វីៗដែលនាងកំពុងមាននាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់នាង ពោលអ្វីទាំងអស់មិនមែនធ្លាក់ពីលើមេឃនោះឡើយ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងនាង ពេជ្រ សូលីកា បានលើកឡើងថា៖ “ឈប់ឆ្ងល់ទៅ សំរាប់អ្នកដែលហួងហែងឆ្ងល់ពីជីវិតខ្ញុំ ឃើញខ្ញុំដើរលេង ឬប្រើជីវិតរស់នៅបែបហ៊ឺហារ តាមពិតទៅ ខ្ញុំមិនមានអីទេ គ្រាន់តែរឿងវាអញ្ចេក។”

នាងបន្តថា ខ្ញុំខំណាស់ មិនមែនសុខៗលុយធ្លាក់ពីលើមេឃមកអោយខ្ញុំទេ។ ខ្ញុំល្បី មានបងប្អូនស្រលាញ់ចូលចិត្តច្រើន ប៉ុន្តែមិនមែនសុខៗខ្ញុំទទួលបានក្ដីស្រលាញ់មកស្រួលៗទេ។

នាងបញ្ជាក់បន្ថែមថា ខ្ញុំខំស្រែកច្រៀងរាល់ថ្ងៃ មិនមែនខ្ញុំច្រៀង free ឬបញ្ចុះតម្លៃអោយតូចទាបសុំគេច្រៀង ដើម្បីអោយមើលមកខ្ញុំមាន credit ល្អ ឬល្បីខ្លាំង ប៉ុន្តែខ្ញុំច្រៀងដើម្បីជីវភាពគ្រួសារខ្ញុំ។

ជាចុងក្រោយ នាងបានផ្ដល់ដំបូន្មានថា៖ “សម័យនេះហើយ (យុគ៩) កុំចេះតែដើរខឹង ដើរស្អប់ ដើរច្រណែនជីវិតគេ រស់រកក្ដីសុខរៀងៗខ្លួន ជីវិតគេ គេចេះរស់ហើយ។”

