ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អក្នុងការពង្រឹងនីតិរដ្ឋ។

ក្នុងព្រះរាជសារដែលផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះអង្គទ្រង់បានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះមហាក្សត្រទ្រង់បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ បានរក្សាបាននូវប្រពៃណីរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ដែលបង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃអធិបតេយ្យជាតិនិងបូរណភាពទឹកដីនៃកម្ពុជា។

ព្រះអង្គទ្រង់បានកោតសរសើរដោយពេញព្រះទ័យចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភាដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានដឹកនាំ និងបំពេញមុខងារ តួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្ម រួមមានតួនាទីនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។

ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំនៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្ញើសេចក្តីនឹករលឹកប្រកបដោយព្រះទ័យទុកដាក់និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កម្មវិធីសម័យប្រជុំមានរបៀបវារៈចំនួន៥ រួមមានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងឆ្នាំ២០២៦។

ព្រះករុណាបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី។

ព្រះអង្គទ្រង់បានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ការសហការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិមាតុភូមិ ឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន។

ដោយ ៖ សិលា
