
ទីបំផុត រដ្ឋាភិបាលថៃបានទទួលស្គាល់ថា ខ្លួនមើលស្រាលស្ថានភាពទឹកជំនន់ នៅស្រុក Hat Yai ខេត្ត Songkhla ហើយការប៉ាន់ស្មានខុសនេះ គឺជាមេរៀនសម្រាប់ថ្ងៃមុខ។
សារព័ត៌មាន The Nation បានដកស្រង់សម្តីលោក Paradorn Prissanananthakul ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលនិយាយក្នុងការ Live លើ YouTube ថា៖ «ជាការពិត យើងធ្វើឲ្យមានកំហុសទើបមនុស្សស្លាប់ច្រើនបែបនេះ ប៉ុន្តែខ្ញុំជឿថា ថ្ងៃនេះ រដ្ឋាភិបាល មន្ត្រីរាជការ និងសូម្បីតែប្រជាពលរដ្ឋ ក៏ត្រូវតែរៀនសូត្រពីវិបត្តិនេះដែរ។ វាជាមេរៀនសម្រាប់គ្រប់ភាគីដើម្បីវាយតម្លៃថា តើភាគីនីមួយៗបានមើលស្រាលស្ថានភាពនេះខ្លាំងកម្រិតណា»។

ការទទួលស្គាល់នេះ កើតឡើងស្របពេលតួលេខមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ កើនដល់១០៤នាក់ហើយ។ ប៉ូលិសបានរៀបចំកុងតឺន័រចំនួន៦ទូ ដើម្បីដាក់សពសម្រាប់ការធ្វើកោសល្យវិច័យ។
គ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត២លាននាក់ និងផ្ទៃដី៣,៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច។
