ខេត្តកំពង់ស្ពឺ – លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធបច្ចេកវិទ្យា Zoom meeting នាព្រឹកថ្ងៃសុក្រ ទី២៨ វិច្ឆិកា ២០២៥។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលគណៈអភិបាលខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ គណៈរដ្ឋមន្ត្រីបានពិភាក្សានិងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៥៖

១. ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកអាស៊ាន និងសហភាពអឺរ៉ុប
២. ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង

៣. ការពិនិត្យនិងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
៤. ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥

៥. ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤

កិច្ចប្រជុំនេះបានបង្ហាញពីការបន្តអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការធ្វើការងាររបស់រដ្ឋាភិបាល ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រទេស។

ដោយ៖ សិលា
