ភ្នំពេញ៖ ចំនួនអ្នកសារព័ត៌មានជាស្ត្រីនៅកម្ពុជាបានកើនឡើងយ៉ាងច្រើន ដោយមានចំនួនប្រមាណ ១៣% នៃអ្នកសារព័ត៌មានសរុបចំនួន ៨,៧៣២ នាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៥។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចំនួនអ្នកសារព័ត៌មានជាស្ត្រីមានការកើនឡើង ៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ នេះជាសញ្ញាវិជ្ជមាននៃការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជា។
ក្រសួងព័ត៌មានបានចុះបញ្ជីអង្គភាពសារព័ត៌មានចំនួន ១,៦២០ អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ លោកអនុរដ្ឋលេខាធិការបានរំលេចថា ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មានដែលគិតគូរអំពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះ។

រាជរដ្ឋាភិបាលបានដាក់បញ្ចូល «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ ដោយផ្តល់ការបណ្តុះបណ្តាល និងឱកាសការងារដល់ស្ត្រីក្នុងវិស័យព័ត៌មាន។
ក្រសួងក៏បានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ដែលមានការស្រលាញ់វិស័យសារព័ត៌មាន ឱ្យស្វែងរក និងចាប់ឱកាសចូលរួមក្នុងវិស័យនេះ ដើម្បីរួមចំណែកលើកកម្ពស់សារព័ត៌មានទាន់សម័យ ប្រកបដោយគុណភាព។
