សហជីពកម្ពុជាបដិសេធរបាយការណ៍ HRW ស្ដីពីពលករវិលមកស្រុក

សហជីពកម្ពុជាបដិសេធរបាយការណ៍ HRW ស្ដីពីពលករវិលមកស្រុក

សហជីពកម្ពុជា

រាជធានីភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជាបានចេញសេចក្ដីបដិសេធនូវរបាយការណ៍របស់អង្គការ Human Rights Watch ទាក់ទងនឹងបញ្ហាពលករ ដោយក្រុមសហជីពទាំងនោះជារបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់។

ពលករវិលមកស្រុក

ការចេញសេចក្ដីបដិសេធនេះគឺបន្ទាប់ពីអង្គការ Human Rights Watch កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ។

ការងារពលករ

ក្រុមសហជីពទាំងនោះបានបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមូលបង្កាច់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកកម្ពុជាវិញ។

សេវាកម្មពលករ

ក្រុមសហជីពទាំងនោះបានលើកឡើងថា៖ «ជាក់ស្តែងយើងខ្ញុំបានមើលឃើញថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ជួយលើកសម្ភារៈ ផ្តល់ទឹកសុទ្ធ និងអាហារសម្រន់ ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យារពេលក្នុងការសង»។

ការងារពលករ

ទន្ទឹមនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើតយុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» តាមរយៈការជួយគ្នាចុះឈ្មោះរកការងារ ធ្វើតាមប្រព័ន្ធទូរសព្ទលេខ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា អាចជួយចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេល ធ្វើដំណើរទៅកន្លែងណាមួយដើម្បីចុះឈ្មោះ។

ការងារពលករ

លើសពីនេះទៀត ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារភ្លាមៗ នៅតាមឃុំ ដែលមានចំនួនបងប្អូនពលករវិលមកវិញច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់នៅតាមឃុំតែម្តងសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិ ឃុំ។

ការងារពលករ

ជាលទ្ធផល បងប្អូនពលករបានទទួលការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម។ ជាចុងក្រោយ ក្រុមសហជីពនៅកម្ពុជា បានស្នើឱ្យសាធារណជនកុំចែកចាយបន្តនូវអត្ថបទ ដែលគ្មានការពិត និងគ្មានវិជ្ជាជីវៈខាងលើនេះ៕

administrator

Related Articles