ខេត្តកំពង់ចាម៖ ជនឈ្មោះសុបិន្ទ វិនា អាយុ២១ឆ្នាំ ត្រូវតុលាការចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទពីបទឃាតកម្មនិងឃាតកម្មគិតទុកជាមុន។
ហេតុការណ៍ដ៏សែនឈឺចាប់នេះកើតឡើងនៅយប់ទៀបភ្លឺម៉ោង៥ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៥ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
លោកវ៉ា ស្រេង មេឃុំទួលសំបួរ បានប្រាប់ថា ដើមហេតុដំបូងប្រពន្ធនិងប្ដីឈ្លោះគ្នា ស្ត្រីរត់មកផ្ទះម្ដាយ។ បន្ទាប់មក ប្ដីជិះម៉ូតូមកតាមរករឿងដល់ផ្ទះម្ដាយក្មេក ហើយប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ។
បុរសនេះបានសម្លាប់ក្មួយៗនៅផ្ទះនោះទាំងអស់ រួមទាំងប្រពន្ធពោះធំកូនក្នុងផ្ទៃ និងម្ដាយក្មេក ដោយលើកគរដាក់លើគ្នា រួចចាក់សាំងដុតកំទេចចោល។
ក្រោយពីកើតហេតុ បុរសនេះបានជិះម៉ូតូគេចមកផ្ទះរបស់ខ្លួនវិញ តែត្រូវបានកម្លាំងនគរបាលមូលដ្ឋានតាមស្ទាក់ចាប់បាន។ កម្លាំងសមត្ថកិច្ចបានសហការជាមួយដៃគូអង្គការ CPU អូរស្ត្រាលី ចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។
សរុបជនរងគ្រោះរហូតដល់១០នាក់ ដែលជាសមាជិកក្រុមគ្រួសារតែមួយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលយកទៅដាក់ពន្ធនាគារខេត្តរួចរាល់ហើយ។
