
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើកបុកក្រុមកម្មករស្ថានីយរថភ្លើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ។
បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងស្ថានីយរថភ្លើង Luoyang Town Railway Station ស្ថិតនៅក្នុងក្រុង Kunming ខេត្ត Yunnan ភាគនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេល ដែលរថភ្លើងមួយគ្រឿងនេះកំពុងសាកល្បងឧបករណ៍ចាប់សញ្ញារញ្ជួយដី ហើយជ្រុលទៅបុកហ្វូងកម្មករនៅចំណុចផ្លូវកែងមួយយ៉ាងពេញទំហឹងតែម្តង។

សូមបញ្ជាក់ជូនថា គ្រោះថ្នាក់ដ៏កម្រនេះ គឺជាហេតុការណ៍គ្រោះថ្នាក់ក្នុងស្ថានីយរថភ្លើង ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចិន បើគិតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
