(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារពិសេស ដើម្បីត្រួតពិនិត្យសកម្មភាពមិនប្រក្រតីរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

តាមសេចក្តីសម្រេច ក្រុមការងារនេះមានសិទ្ធិពេញលេញក្នុងការជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងអាចចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ មកធ្វើការសាកសួរ និងបំភ្លឺ ដើម្បីស្រាវជ្រាវរកការពិតជាក់ស្តែង។

ក្រុមការងារនឹងបូកសរុបលទ្ធផលការងារ និងធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ។ ការចាត់តាំងក្រុមការងារនេះបង្ហាញពីការយកចិត្តទុកដាក់របស់មេបញ្ជាការកំពូលក្នុងការធានានូវភាពប្រក្រតី និងប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់មេបញ្ជាការកងរាជអាវុធហត្ថតាមខេត្ត។
