ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

តាមរយៈព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលថា៖ «ខ្ញុំសូមថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ»។

ជាមួយគ្នានេះ ព្រះមហាក្សត្របានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់។

ព្រះអង្គក៏បានកោតសរសើរដោយស្មោះចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១ និងលោក វង សូត អនុប្រធានទី២ ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់។
ដោយ ៖ សិលា
