
យោងតាមការចុះផ្សាយរបស់ Khaosod ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់រុំសាកសពរាប់ពាន់ថង់ និងទូសម្រាប់ដាក់សពបន្ថែមទៀតទៅកាន់តំបន់ភាគខាងត្បូង ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរបានកើនឡើងដល់១៤៥នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។
លោក Phradorn Prisananuntakul រដ្ឋមន្ត្រីអមទីស្តីការនាយករដ្ឋមន្ត្រី និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការស្ថានការណ៍បន្ទាន់គ្រោះទឹកជំនន់ (EFSOC) បានរាយការណ៍ពីតួលេខចុងក្រោយនេះ រួមជាមួយលោក Siripong Angkasakulkiet អ្នកនាំពាក្យរដ្ឋាភិបាល និងលោកស្រី Ratchada Thanadirek អ្នកនាំពាក្យ EFSOC។

ខេត្តសុងក្លា (Songkhla) នៅតែជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់១១០នាក់ បន្ទាប់មកគឺខេត្ត នគរស្រីធម្មរាជ (Nakhon Si Thammarat) ៩នាក់, ប៉ាត់តានី (Pattani) ៦នាក់, សាទុន (Satun) ៥នាក់, យ៉ាឡា (Yala) ៥នាក់, ណារ៉ាធិវ៉ាត់ (Narathiwat) ៤នាក់, ផាត់ថាលុង (Phatthalung) ៤នាក់ និង ត្រាង (Trang) ២នាក់។
ក្រុមសង្គ្រោះបន្តប្រតិបត្តិការនៅទូទាំងតំបន់ ដោយសារតែកម្រិតទឹកជំនន់នៅតែខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើងបន្ថែមទៀត នៅពេលដែលការស្វែងរកត្រូវបានពង្រីកចូលទៅក្នុងតំបន់ដាច់ស្រយាល៕
