ក្រសួងកសិកម្មណែនាំ FUCHS Gruppe ជួយវិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃដល់កសិករ

ក្រសួងកសិកម្មណែនាំ FUCHS Gruppe ជួយវិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃដល់កសិករ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់ក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។

នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំក្រសួងកសិកម្ម

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលជួប និងពិភាក្សាផ្តោតសំខាន់លើទិសដៅកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម ជាពិសេសដំណាំ ម្រេច និងគ្រឿងទេស។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជួយគាំទ្រដល់កសិករ និងសហគមន៍កសិកម្ម ប្រកបដោយចីរភាព និងលក្ខខណ្ឌក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារ អឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។

កិច្ចសហប្រតិបត្តិការកសិកម្ម

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពី វឌ្ឍនភាពនៃការដាំដុះម្រេចកម្ពុជាដែលមានគុណភាពខ្ពស់ ជាមួយនឹងការជំរុញការអនុវត្តកសិកម្មល្អ(GAP)។

ឯកឧត្តមបានលើកទឹកចិត្តដល់គណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ សំដៅកាត់បន្ថយថ្លៃដើមផលិត និងជំរុញទិន្នផលម្រេចកម្ពុជា។

ការពិភាក្សាកសិកម្ម

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឲ្យក្រុមហ៊ុន សហការជាមួយ នាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃពីការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឲ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ជាពិសេស សហភាពអឺរ៉ុប។

តាមការបញ្ជាក់ពីលោក Andre Fich នាយកគ្រប់គ្រងក្រុមហ៊ុន DF World of Spices GMBH នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនមានគម្រោង សាងសង់រោងចក្រកែច្នៃម្រេច ដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks)។

គម្រោងរោងចក្រម្រេច

កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយភាគីក្រុមហ៊ុន FUCHS បានបង្ហាញគោលជំហរគាំទ្រ រួមចំណែក និងជំរុញ កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា​ ទាំងការងារបច្ចេកទេសនិងបង្កើនទំហំនៃការវិនិយោគ សំដៅជួយគាំទ្រកសិផលម្រេចនិងគ្រឿងទេសកម្ពុជា និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles