ខេត្តសៀមរាប៖ មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានចេញមុខលើកឡើងពីសារៈសំខាន់នៃកម្មវិធី App NoDrugs ក្នុងការជួយសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឌី រ៉ាដូ អភិបាលរង តំណាងអភិបាលខេត្តប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានចូលរួមក្នុងយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនលើកទី៣។

កម្មវិធីនេះបានធ្វើឱ្យប្រជាពលរដ្ឋអាចរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ លក្ខណៈពិសេសរបស់ App NoDrugs រួមមានការប្រាប់ទីតាំងករណីបានច្បាស់ ធានាអត្តសញ្ញាណអ្នករាយការណ៍ និងអាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋ។

ការចូលរួមក្នុងព្រឹត្តិការណ៍នេះមានពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មាន មន្រ្តីរាជការ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋប្រមាណជាង១០០០នាក់។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន និងពង្រីកការប្រើប្រាស់ App NoDrugs នឹងធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។

ជាមួយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នៅតែបន្តចូលរួមដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន៕

ដោយ៖តារា
