ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងករណីលួចប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិក ពីបន្ទប់ជួលមួយកន្លែង។

ការឃាត់ខ្លួនដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើឡើងនៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៥។ ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅតំបន់ផ្សេងៗគ្នា រួមមានខណ្ឌឫស្សីកែវ និងក្រុងសៀមរាប។
ជនសង្ស័យដែលត្រូវបានចោទប្រកាន់រួមមាន៖
– ឆោម ទិត្យរង្សី (ប្រុស អាយុ៣៨ឆ្នាំ) មានសារធាតុញៀន
– យឹម ស្រីប៉ុច (ស្រី អាយុ៣៣ឆ្នាំ) មានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ
– អាន វិនា (ប្រុស អាយុ២៥ឆ្នាំ) ជាងដែក និងធ្លាប់ជាប់ពន្ធនាគារ

សមត្ថកិច្ចបានដកហូតសម្ភារៈភស្តុតាងជាច្រើន រួមមាន៖ ម៉ូតូម៉ាក ADV ពណ៌ស ទូរសព្ទ៣គ្រឿង ប្រាក់២,១០០ដុល្លារ និងប្រាក់យេនជប៉ុនចំនួន១,០២៤,០០០យេន។
ឧក្រិដ្ឋកម្មនេះបានកើតឡើងនៅថ្ងៃទី២១ខែវិច្ឆិកា នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះគឺអេង លាងហៀង (ស្រី អាយុ៣២ឆ្នាំ) ដែលធ្វើការជាបុគ្គលិកហាង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងត្រូវបានកសាងសំណុំរឿង និងចាត់ការតាមនិតិវិធី។
