ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុចភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយនិងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់លែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានចុះចាប់ឃាត់ជនសង្ស័យ២នាក់ដែលកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងបឹងក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។
ការចាប់ឃាត់ជនសង្ស័យទាំង២នាក់បានដករហូតវត្ថុតាងមាន៖ ឧបករណ៍ឆក់ត្រី១គ្រឿង ដងឆក់ត្រី១គូ អាគុយ៤០អំពែ១គ្រឿង ខ្សែភ្លើងប្រវែង៣ម៉ែត្រ ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីន១គ្រឿង និងត្រីទម្ងន់២គីឡូក្រាម។

ជនសង្ស័យទាំង២នាក់មាន៖ ១.ឈ្មោះ អឿន ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ និង២.ឈ្មោះ អឿន កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង។
ជនសង្ស័យខាងលើត្រូវបានមន្ត្រីជំនាញជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
