ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅត្រង់ចំណុចផ្លូវបំបែកជាបួន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយយុវជនពីរនាក់ជិះម៉ូតូឌុបបានបុករថយន្តពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។

តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ យុវជនទាំងពីរបានជិះម៉ូតូម៉ាក HONDA Dream ដែលគ្មានផ្លាកលេខ ក្នុងល្បឿនលឿនជ្រុល មុននឹងបុកទៅនឹងរថយន្តម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខនគរបាល 2-8110។ ការបុកបែកនេះបានបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានយកទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់។

សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
