ពលរដ្ឋជិត ៣០០ គ្រួសារតវ៉ាបញ្ហាថៅកែឡឥដ្ឋហាមឃាត់មិនឱ្យនេសាទត្រីក្នុងបឹងធម្មជាតិ

ពលរដ្ឋជិត ៣០០ គ្រួសារតវ៉ាបញ្ហាថៅកែឡឥដ្ឋហាមឃាត់មិនឱ្យនេសាទត្រីក្នុងបឹងធម្មជាតិ

ពលរដ្ឋតវ៉ាបញ្ហានេសាទត្រី

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋប្រមាណជិត ៣០០ គ្រួសារនៅក្នុងភូមិចំនួន ៣ នៃឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននាំគ្នាស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ រឿងថៅកែឡឥដ្ឋ ២ នាក់បានបិទហាមមិនឱ្យពួកគាត់ចូលទៅនេសាទត្រីនៅក្នុងបឹងធម្មជាតិ ដែលពួកគាត់ធ្លាប់នេសាទតកូនតចៅច្រើនឆ្នាំមកហើយ។

បឹងធម្មជាតិនៅភូមិព្រៃខ្លា

ពលរដ្ឋទាំងនោះបានឱ្យដឹងថា បឹងធម្មជាតិទាំងនោះមានចំនួន ៣ ស្ថិតនៅក្នុងភូមិព្រៃខ្លា គឺបឹងកោះ បឹងអំបែងចេះ និងបឹងកន្លែងត្រាះ។ បឹងទាំងនេះពួកគាត់ជាប្រជាពលរដ្ឋចំនួន ៣ ភូមិ គឺភូមិកណ្ដាល ភូមិជម្រៅ និងភូមិព្រៃខ្លា តែងតែចូលទៅនេសាទជារៀងរាល់ឆ្នាំ ដោយអ្នកខ្លះដាក់មង ខ្លះរាយសន្ទូចរនង និងខ្លះបង់សំណាញ់ដែលនេះគឺជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។

រណ្ដៅដីព័ទ្ធជុំវិញបឹង

ពលរដ្ឋដដែលនេះបានបញ្ជាក់ថា ពួកគាត់នេសាទត្រីនៅក្នុងបឹងធម្មជាតិទាំងបីនេះរាល់ឆ្នាំមិនដែលមានបញ្ហាអីទេ ទើបតែមួយខែចុងក្រោយនេះ ស្រាប់តែមានថៅកែឡឥដ្ឋពីរនាក់ ម្នាក់ឈ្មោះ អូ ផាត និងម្នាក់ទៀតឈ្មោះ ហោ ម៉េងគី ដែលបានទិញដី និងជីករណ្ដៅព័ទ្ធជុំវិញបឹងទាំងបី បានបិទហាមមិនឱ្យប្រជាពលរដ្ឋចូលទៅនេសាទនៅក្នុងបឹងទៀតនោះទេ ដោយមិនដឹងសំអាងលើអ្វី។

ពលរដ្ឋចូលនេសាទត្រី

ជុំវិញការចោទប្រកាន់នេះ ថៅកែឡឥដ្ឋឈ្មោះ ហោ ម៉េងគី បានឱ្យដឹងថា រូបគាត់មិនបានហាមឃាត់ពលរដ្ឋ មិនឱ្យចូលនេសាទក្នុងបឹងធម្មជាតិទេ ប៉ុន្តែនៅជុំវិញបឹងទំហំដី ១៧ ហិកតា គឺជាកម្មសិទ្ធិរបស់គាត់ គាត់មិនឱ្យពលរដ្ឋណាចេញចូលឆ្លងកាត់ឡើយ បើហោះរំលងចូលទៅដល់បឹងបាន ក៏រកទៅ គាត់មិនហាមទេ។

ថៅកែឡឥដ្ឋហាមឃាត់ពលរដ្ឋ

ចំណែកថៅកែឡឥដ្ឋឈ្មោះ អូ ផាត ក៏បានឱ្យដឹងដែរថា គាត់មិនបានហាមឃាត់ពលរដ្ឋនេសាទទេ គឺគាត់ហាមឃាត់តែក្នុងទីតាំងរណ្ដៅដីគាត់ប៉ុណ្ណោះ ចំណែកបឹងសាធារណៈអ្នកណារកអីក៏រកទៅ ប៉ុន្តែរណ្តៅដីរបស់គាត់ព័ទ្ធជុំវិញបឹងអស់ហើយ។

បញ្ហានេសាទត្រី

ពលរដ្ឋនៅភូមិព្រៃខ្លា បានបញ្ជាក់ប្រាប់ថា ថៅកែឡឥដ្ឋទាំង ២ នាក់ បិទហាមមិនឱ្យប្រជាពលរដ្ឋចូលទៅនេសាទត្រី គឺដើម្បីទុកចាប់ប្រមូលត្រីយកដោយខ្លួនឯង ដោយគេបានធ្វើស្បៃមុងដាក់បិទច្រកចេញចូលផ្លូវត្រីទាំងអស់ ចាប់ប្រមូលយកត្រីមួយថ្ងៃៗរាប់សិបគីឡូ។

អាជ្ញាធរចុះពិនិត្យ

ជុំវិញរឿងរ៉ាវមួយនេះ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា លោកមិនទាន់បានដឹងរឿងនេះទេ ចាំលោកឱ្យមន្ត្រីចុះទៅពិនិត្យមើលសិន ប៉ុន្តែលោកអះអាងថា រឿងបឹងធម្មជាតិ ជាបឹងសាធារណៈ ប្រជាពលរដ្ឋទូទៅអាចនេសាទអាស្រ័យផលបានជាលក្ខណៈគ្រួសារ គ្មាននរណាមានសិទ្ធិហាមឃាត់ឡើយ។

បឹងសាធារណៈ

administrator

Related Articles