សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដោយទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ និងទឹកដីដែលអ៊ុយក្រែនកាន់កាប់ផ្សេងទៀត ដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយរាប់ឆ្នាំ។ នេះបើតាមការចុះផ្សាយពីកាសែត The Telegraph រាយការណ៍ នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនបេសកជនសន្តិភាពរបស់លោក Steve Witkoff និងកូនប្រសារ Jared Kushner ទៅកាន់ទីក្រុងមូស្គូនៅឯសប្តាហ៍ក្រោយ ដើម្បីបង្ហាញសំណើនេះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។
ក្រោមផែនការសន្តិភាព ២៨ ចំណុចដំបូងដែលដាក់ចេញដោយអាមេរិក បន្ថែមពីលើការទទួលស្គាល់តំបន់គ្រីមៀ និងតំបន់ពីរគឺដូណេតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk) នៅក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែនថាជារបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនក៏នឹងទទួលស្គាល់ទឹកដីដែលគ្រប់គ្រងដោយកងទ័ពរុស្ស៊ីនៅពីក្រោយខ្សែទំនាក់ទំនងនៅ Kherson និង Zaporizhzhia បន្ទាប់ពីបទឈប់បាញ់ណាមួយ។

ចំណែកអ៊ុយក្រែនឯណោះវិញ នឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លើសពីនេះ តំបន់គ្មានយោធានឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់ដែលកងទ័ពអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងដកថយ។
ដោយឡែក យោងតាមកាសែត The Kyiv Post ក៏ធ្វើការអត្ថាធិប្បាយដែរថា ផែនការនេះបង្ហាញពីការបំបែកដ៏សំខាន់ជាមួយនឹងអនុសញ្ញាការទូតយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ប្រភពដែលអាចទុកចិត្តបានមួយបានអត្ថាធិប្បាយថា «នោះវាកាន់តែច្បាស់ថា ជនជាតិអាមេរិកមិនខ្វល់ពីជំហររបស់អឺរ៉ុបទេ។ ពួកគេនិយាយថា ជនជាតិអឺរ៉ុបអាចធ្វើអ្វីដែលពួកគេចង់បាន»។
មួយវិញទៀត ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ២៧ ខែវិច្ឆិកាក៏បាននិយាយថា ការទទួលស្គាល់ដែលអាចកើតមានរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់គ្រីមៀ ដូណេតស្ក៍ និងលូហានស្ក៍ ជាទឹកដីរបស់រុស្ស៊ី នឹងក្លាយជាបញ្ហាសំខាន់មួយនៅក្នុងការចរចាលើគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកត្រាំ។

មិនត្រឹមប៉ុណ្ណឹងទេ វិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃទី ២៨ ខែវិច្ឆិកាថា ខ្លួនបានទទួលយុទ្ធសាស្ត្រកែសម្រួលសម្រាប់ការបញ្ចប់សង្គ្រាម ដែលបានរៀបចំឡើងបន្ទាប់ពីការចរចាបន្ទាន់រវាងមន្ត្រីអ៊ុយក្រែន និងអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្តាហ៍មុន។
កិច្ចចរចានៅទីក្រុងហ្សឺណែវបានបង្កើតផែនការថ្មីចំនួន ១៩ ចំណុច ដែលមិនសូវអំណោយផលសម្រាប់ទីក្រុងមូស្គូ ប៉ុន្តែប្រភពជាច្រើនបានប្រាប់ The Telegraph ថា ការផ្តល់ជូនការទទួលស្គាល់របស់សហរដ្ឋអាមេរិកនៅតែជាផ្នែកមួយនៃយុទ្ធសាស្ត្រ។ ទីក្រុងកៀវនឹងមិនមានកាតព្វកិច្ចទទួលស្គាល់ការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើទឹកដីដែលបានបញ្ចូលនោះទេ៕
