ភ្នំពេញ៖ រដ្ឋបាលជលផលបានទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្ក្រាបបទល្មើសនេសាទ ដោយបានដោះស្រាយបទល្មើសសរុបចំនួន ២,៦១៣ករណីក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៥។

លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបង្ហាញថា ក្នុងចំណោមបទល្មើសទាំងនេះ មានការរុះរើនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ចំនួន ២,៣៦៦ករណី បញ្ជូនទៅតុលាការចំនួន ១៥៤ករណី និងពិន័យអន្តរការណ៍ចំនួន ៩៣ករណី។

វត្ថុតាងខុសច្បាប់ដែលត្រូវបានរឹបអូសរួមមាន៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ១១២,៧៨៥ម៉ែត្រ បង្គោលឬចម្រឹង ៧៣,២៦៨ដើម លូស្បៃមុងនិងសាច់អួន ២,០៥៧មាត់ និងឧបករណ៍ឆក់ត្រីចំនួន ៧គ្រឿង។

ជោគជ័យដ៏សំខាន់មួយទៀតគឺ សត្វផ្សោតទន្លេមេគង្គមានការកើនឡើងរហូតដល់ ១១១ក្បាល ដោយក្នុងឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន ៧ក្បាល និងមិនមានផ្សោតស្លាប់ណាមួយក្នុងរយៈពេល១ឆ្នាំពេញ។

ប្រជាផលនេសាទទឹកសារកើនឡើងប្រមាណ ២០% ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលនាំឱ្យមហាជនមានការអបអរសាទរ។ ត្រីកម្រដូចជាត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីក្អក ក៏មានវត្តមានឡើងវិញគួរឱ្យកត់សម្គាល់។

រដ្ឋបាលជលផលបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងផ្សព្វផ្សាយអប់រំណែនាំដល់ប្រជានេសាទ ដើម្បីរក្សាធនធានជលផលឱ្យបានយូរអង្វែង។
