ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈក្បែរវត្តជាន់ឯក ខណ្ឌដង្កោ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២:១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក។

ក្មេងទំនើងទាំង៦នាក់ត្រូវបានយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតម៉ូតូចំនួន៣គ្រឿង យកទៅរក្សាទុករយៈពេល៣ខែនៅទីបញ្ជាការ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្តេចនាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា ក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។

ដោយ៖ តារា
