កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចខេត្តសៀមរាប និងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ក្នុងករណីគាស់បន្ទប់ជួលលួចប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក។

ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦:៣០ល្ងាច បន្ទាប់ពីករណីលួចប្រាក់ដ៏ធំនេះកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖
- ឆោម ទិត្យរង្សី (ប្រុស អាយុ៣៨ឆ្នាំ) – មានសារធាតុញៀន
- យឹម ស្រីប៉ុច (ស្រី អាយុ៣៣ឆ្នាំ) – មានសារធាតុញៀន ធ្លាប់ជាប់ពន្ធនាគារ១លើក
- អាន វិនា (ប្រុស អាយុ២៥ឆ្នាំ) – ជាងដែក ធ្លាប់ជាប់ពន្ធនាគារ១លើក

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ADV ពណ៌ស លេខ 1MB-5101, ទូរសព្ទ៣គ្រឿង, ខ្សែក, ខ្សែដៃ, ចិញ្ចៀន, ប្រាក់អាមេរិក២១០០ដុល្លារ និងប្រាក់យេនជប៉ុន១០២៤០០០យេន។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
