ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នាទាំងកណ្តាលអធ្រាត្រនៅលើផ្លូវជាតិលេខ៤។

ហេតុការណ៍រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានេះ បានកើតឡើងកាលពីវរលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះង្គោលគីឡូម៉ែត្រលេខ៤២ ទៅលេខ៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BP-9200 អ្នកបើកបរឈ្មោះ វ៉ន សុវ៉ាត់ត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ពីទិសខាងលិចទៅទិសខាងកើត។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត១គ្រឿង ម៉ាកហ្វុយហ្សូ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-1605 សណ្តោងសឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខកណ្តាល4A-0129 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរពីទិសខាងកើតទៅទិសខាងលិច។
បន្ទាប់មក ក៏មានរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខពោធិ៍សាត់3A-1689 សណ្តោងសឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខព្រះសីហនុ4A-3830 អ្នកបើកបរឈ្មោះ ម៉ា រ៉ូសា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិព្រៃពាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបើកបរពីទិសខាងកើតទៅទិសលិច ក៏បានបុករថយន្តម៉ាកតូយ៉ូតាព្រុស ដែលបានគ្រោះថ្នាក់រួចឈប់ខូចលើផ្លូវជាតិលេខ៤បន្ថែមទៀត បណ្ដាលឲ្យរងរបួសតៃកុងរថយន្តម៉ាកព្រុសធ្ងន់ធ្ងរឈ្មោះ វ៉ន សុវ៉ាត់ត្រា បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកុច្ចជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានតេហៅរថយន្តសាមុយដឹក តៃកុងរងគ្រោះយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ។
នគរបាលស្រុកសំរោងទងបានបន្ថែមថារថយន្តទាំង៣គ្រឿង រងការខូចខាតកំរិតស្រាលចំនួន២គ្រឿង និងរងការខូចខាតកំរិតធ្ងន់ចំនួន១គ្រឿង។ ចំពោះវត្ថុតាងរថយន្តទាំង៣គ្រឿង រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំធ្វើការដោះស្រាយ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
