
ភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់បានបង្កគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ ដោយខេត្តអយុធ្យាត្រូវជន់លិចជាង៤ខែមកហើយ ខណៈភាគខាងត្បូងកំពុងប្រឈមនឹងគ្រោះមហន្តរាយដ៏សាហាវ។
តាមការផ្សាយរបស់ Khaosod ទឹកជំនន់នៅអយុធ្យាបានចាប់ផ្ដើមតាំងពីខែសីហា បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ និងបណ្ដាលឲ្យមនុស្សស្លាប់រាប់សិបនាក់។ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃរាយការណ៍ថា ទឹកជំនន់បានជន់លិចភូមិចំនួន៩៤៦ក្នុង១៤៥ឃុំ នៃ១២ស្រុក ប៉ះពាល់ដល់ពលរដ្ឋ៦៦,៧៩៤គ្រួសារ។

ឯភាគខាងត្បូងប្រទេសថៃ តួលេខមនុស្សស្លាប់ដោយសារទឹកជំនន់បានឈានដល់១៤៥នាក់ ប៉ុន្ដែពលរដ្ឋកំពុងខឹងសម្បារដ្ឋាភិបាលយ៉ាងខ្លាំង ដោយចោទថាលាក់បាំងតួលេខពិត។ ខេត្ត Songkhla មានចំនួនមនុស្សស្លាប់ច្រើនជាងគេ គឺ១១០នាក់។
អ្នកជំនាញថៃបានព្រមានថា តួលេខជាក់ស្ដែងនៃមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវបំផុតនៅ Songkhla ក្នុងប្រវត្ដិសាស្រ្ត៣០០ឆ្នាំ គឺមិនក្រោម៥០០នាក់នោះទេ។
