ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែនត្រូវតែរាប់បញ្ចូលការប្រគល់ទឹកដីដែលក្រុងមូស្គូទាមទារ។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីកិច្ចចរចាការទូតត្រូវបានបង្កើនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

យោងតាម Independent អំឡុងបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ លោកពូទីន បាននិយាយម្តងទៀតថា កងកម្លាំងអ៊ុយក្រែនត្រូវតែដកខ្លួនចេញពីតំបន់ដែលរុស្ស៊ីស្វែងរកការកាត់បញ្ចូលជាឧបសម្ព័ន្ធ ដោយព្រមានថា ក្រុងមូស្គូនឹង«សម្រេចវាដោយប្រើកម្លាំង» បើពួកគេបដិសេធ។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ក្រុមអ្នកចរចាអ៊ុយក្រែន និងអាមេរិកនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ។ អ៊ុយក្រែនបាននិយាយម្តងទៀតថា ខ្លួននឹងមិនបោះបង់ចោលទឹកដីណាមួយឡើយ។
ក្រុងមូស្គូបានផ្តល់សញ្ញានៃការយល់ព្រមចំពោះសេចក្តីព្រាង២៨ចំណុចរបស់សហរដ្ឋអាមេរិក ដែលនឹងទទួលស្គាល់តំបន់ដែលកាន់កាប់ដោយរុស្ស៊ីថាជាការគ្រប់គ្រងជាក់ស្តែងរបស់ក្រុងមូស្គូ។ លោកពូទីន បានលើកឡើងថា បញ្ហាមួយចំនួនទាមទារឲ្យមានការកែប្រែ ហើយកិច្ចព្រមព្រៀងណាមួយត្រូវតែទទួលស្គាល់ដោយអន្តរជាតិ។
