ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី និងកោតសរសើរសមិទ្ធផលរបស់កម្ពុជា។ លោកមានជំនឿថា ក្រោមការដឹកនាំរបស់សម្ដេច កម្ពុជានឹងបន្តសម្រេចសមិទ្ធផលថ្មីៗ។

ចំពោះទំនាក់ទំនងទ្វេភាគី, លោកបានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ។ ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ។

សម្ដេចបវរធិបតីបានសម្ដែងសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះគណៈប្រតិភូវៀតណាម។ សម្ដេចក៏បានសម្តែងការចូលរួមមរណទុក្ខចំពោះគ្រោះទឹកជំនន់នៅវៀតណាម។

សម្ដេចបានលើកទឹកចិត្តឱ្យអាជ្ញាធរព្រំដែនបន្តជំរុញកិច្ចសហប្រតិបត្តិការ និងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងវិបុលភាព។

ភាគីទាំងពីរបានពិភាក្សាការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការពារជាតិ, អប់រំ, សុខាភិបាល, វប្បធម៌, ទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ដោយ៖តារា
