កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ តុលាការបង់ក្លាដែសបានកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដាក់ពន្ធនាគារ២១ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ ដែលបន្ថែមលើទោសប្រហារជីវិតដែលលោកស្រីបានទទួលកាលពីសប្តាហ៍មុន។

យោងតាម AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួនបី ដែលបានដាក់ដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយ។
អតីតនាយករដ្ឋមន្ត្រីរូបនេះបានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសតាមឧទ្ធម្ភាគចក្រកាលពីខែសីហាឆ្នាំ២០២៤ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសឥណ្ឌា។

នៅថ្ងៃទី១៧ខែវិច្ឆិកា លោកស្រីត្រូវបានកាត់ទោសប្រហារជីវិតពីបទបញ្ជាឲ្យបង្ក្រាបដោយហិង្សាលើការបះបោរដឹកនាំដោយក្រុមនិស្សិត ដែលបានធ្វើឲ្យអំណាចគ្រប់គ្រងរយៈពេល១៥ឆ្នាំរបស់លោកស្រីត្រូវរលាយសាបសូន្យ។
រដ្ឋាភិបាលបង់ក្លាដែសបានស្នើសុំឲ្យឥណ្ឌាធ្វើបត្យាប័នចំនួន៣លើកមកហើយ ចំពោះអតីតនាយករដ្ឋមន្ត្រី Hasina ឲ្យមកទទួលទោសប្រហារជីវិត។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើសំណើសុំធ្វើបត្យាប័ននេះទេ។
