គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរក្នុងរយៈពេលជាង១សប្តាហ៍ចុងក្រោយ បានបណ្តាលឲ្យមានមនុស្សស្លាប់កើនលើស ៥០០នាក់នៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងស្រីលង្កា។

ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់នៅប្រទេសទាំងបី។
សម្រាប់ករណីនៅប្រទេសឥណ្ឌូណេស៊ី ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សច្រើនប្រមាណ ២៤៨នាក់ គិតត្រឹមថ្ងៃទី២៩ខែវិច្ឆិកានេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សជាង ១០០នាក់នៅតែបាត់ខ្លួន។

សម្រាប់ករណីនៅភាគខាងត្បូងប្រទេសថៃវិញ ចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់នៅក្រុងហាតយ៉ៃ និងខេត្តភាគខាងត្បូងបានឡើងដល់ ១៦២នាក់។
សម្រាប់ប្រទេសស្រីលង្កា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានសម្លាប់មនុស្សចំនួន ១២៣នាក់ ជាមួយនឹងមនុស្ស ១៣០នាក់ទៀតនៅតែបាត់ខ្លួន។ មនុស្ស ៤៣,៩៩៥នាក់បានជម្លៀសទៅកាន់មណ្ឌលសុខុមាលភាព។
